កម្ពុជា បញ្ចូលកីឡាករចូលសញ្ជាតិខ្មែរ ៦ រូបត្រៀមប្រកួត ASEAN Mitsubishi Electric Cup 2024
- 2025-05-07 10:09:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បញ្ចូលកីឡាករចូលសញ្ជាតិខ្មែរ ៦ រូបត្រៀមប្រកួត ASEAN Mitsubishi Electric Cup 2024
ចន្លោះមិនឃើញ
កីឡាករបរទេសដែលបានចូលសញ្ជាតិខ្មែរចំនួន៦នាក់ ត្រូវបានគ្រូបង្គោលកម្ពុជាលោក Koji Gyotoku កោះហៅឱ្យចូលរួមប្រកួតជម្រើសជាតិ នៅពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ។
កីឡាករ៣នាក់ដែលទើបតែបានទទួលបានសញ្ជាតិខ្មែររួមមាន អូសិ កាតាគិ (Takaki Ose), ឃូលី បាលីអាប់ឌែល (Coulibaly Abdel Kader) និង នេតូ រ៉ុនដូ (Rafael Andres Nieto Rondon) ។ ចំណែកឯកីឡាករចូលសញ្ជាតិខ្មែរ៣រូបផ្សេងទៀតធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិកម្ពុជាកាលពីពេលកន្លងទៅរួមមាន យូដាយ អូកាវ៉ា (Yudai Ogawa), មីហ្ស៊ូណូ ហ៊ីការ៉ុ (Mizino Hikaru) និង កាន ម៉ូ ( Khan Mo) ។
គួរឱ្យដឹងថា អូសិ កាតាគិ ធ្លាប់បានលេងឱ្យក្លឹបអង្គរថៃហ្គឺនៅឆ្នាំ ២០១៩ រួចទើបផ្លាស់ប្ដូរទៅលេងនៅភ្នំពេញក្រោនក្នុងនាមជាខ្សែការពារនៅឆ្នាំ ២០២០។ កីឡាករវ័យ ២៩ ឆ្នាំមានកម្ពស់ ១,៨២ម៉ែត្ររូបនេះ ធ្លាប់បានលេងឱ្យក្លឹបនៅជប៉ុន HBO Tokyo នៅឆ្នាំ២០១៨, ក្លឹប Pieta Hotspurs នៅឆ្នាំ២០១៨, ក្លឹប Ahli Sidab នៅឆ្នាំ ២០១៩ ។
ចំពោះកីឡាករ ឃូលី បាលីអាប់ឌែល ធ្លាប់បានលេងឱ្យក្លឹបអាស៊ីអឺរ៉ុប យូណាយធីត នៅឆ្នាំ ២០១៨ , សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃនៅឆ្នាំ ២០១៩ និងចូលលេងឱ្យក្លឹបអាយអេសអាយដង្កោសែនជ័យក្នុងនាមជាខ្សែបម្រើនៅឆ្នាំ ២០២២ ។
ដោយឡែកកីឡាករ នេតូ រ៉ុនដូ វ័យ ២៨ឆ្នាំ កម្ពស់ ១,៧៨ ម៉ែត្រ រូបនេះ ធ្លាប់បានលេងនៅក្លឹប Real Frontera នៅឆ្នាំ ២០១៦, ក្លឹប San Francisco នៅឆ្នាំ ២០១៨, ក្លឹប Universidad O&M នៅឆ្នាំ ២០១៩ និងបានចូលលេងឱ្យក្លឹបភ្នំពេញក្រោនក្នុងនាមជាខ្សែប្រយុទ្ធនៅឆ្នាំ ២០២០។
តាមរយៈបញ្ជីឈ្មោះ ២៦រូប ដែលលោក Koji Gyotoku កោះហៅមកកាន់ក្រុមជម្រើសជាតិដែលក្លឹប ព្រះខ័នរាជស្វាយរៀង វិសាខា និងភ្នំពេញក្រោន មានកីឡាករត្រូវបានជ្រើសរើសច្រើនជាងគេ។ ព្រះខ័នរាជស្វាយរៀង មានកីឡាករ ៧រូប រួមមាន វីរៈ តារា, មីហ្ស៊ូណូ ហ៊ីការ៉ុ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ថេឡរ នីកូឡាស់, គឹម សុខយុទ្ធ, មិន រតនៈ ។
ក្លឹបបាល់ទាត់វិសាខាមានកីឡាករ ៧រូប មានឈ្មោះក្នុងក្រុមជម្រើសជាតិដូចគ្នា រួមមានកីឡាករ ហ៊ុល គឹមហ៊ុយ, កាន់ ម៉ូ, ឡេង ណូរ៉ា, អ៊ិន សូដាវីឌ, ស រតនា, សារ ទី, ស៊ិន កក្កដា ។
ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកីឡាករ ៧រូបដែរ រួមមានកីឡាករ សឿត បារាំង, យើ ម៉ូស្លីម, អូសិ កាតាគិ, យូដាយ អូកាវ៉ា, អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, នេតូ រ៉ុនដុន ។
ដោយឡែកក្លឹបបាល់ទាត់បឹងកេត មាន២រូបរួមមានកីឡាករ តាំង ប៊ុនឆៃ និង សៀងចន្ធា ។ ក្លឹបអាយអេសអារដង្កោសែនជ័យកីឡាករ ២រូបដូចគ្នា គឺកីឡាករ ហាវ សុខនេត្រ និង ឃូលី បាលីអាប់ឌែល ។ ចុងក្រោយមកពីក្លឹបណាហ្គាវើដ៍គឺកីឡាករ រ៉េត លីហេង ។
សូមជម្រាបឱ្យដឹងផងដែរថា ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយក្រុមភ្ញៀវម៉ាឡេស៊ីនាពហុកីឡដ្ឋានអូឡាំពិកនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ។ ចំណែកនៅថ្ងៃទី ១១ ខែធ្នូ ក្រុមជម្រើសជាតិនឹងត្រូវទៅធ្វើដំណើរទៅជួបក្រុមជម្រើសជាតិសិង្ហបុរី នៅពហុកីឡាដ្ឋានជាតិសង្ហបុរី ។ ការប្រកួតក្នុងផ្ទះទីពីរសម្រាប់កម្ពុជាគឺត្រូវទទួលទីម័រខាងកើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈដែលការប្រកួតចុងក្រោយនៃវគ្គចែកពូលគឺប៉ះម្ចាស់ផ្ទះថៃ នាពហុកីឡដ្ឋាន Rajamangala នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ៕